Press Releases
សេចក្តីប្រកាសព័ត៌មាន
DaraPay ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ Sandara សម្រាប់ការទូទាត់ប្រាក់នៅហាង Pandora និង Bering ដោយមិនចាំបាច់កាន់ប្រាក់សុទ្ធ
ភ្នំពេញ,ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ៖ ក្រុមហ៊ុន Sandara និង DaraPay បានចុះហត្ថលេខាក្នុងភាពជាដៃគូជាមួយគ្នា ដើម្បីផ្តល់ជម្រើសកាន់តែងាយស្រួលដល់អតិថិជនលើការទូទាត់សាច់ប្រាក់សម្រាប់រាល់ការជាវនូវផលិតផលរបស់ហាង Pandora នៅផ្សារ Exchange Square (ក្រោយស្ថានទូតអាម៉េរិក)។
តាមរយៈភាពជោគជ័យ នៃការបើកសម្ពោធហាងគ្រឿងអលង្ការ Pandora និង ហាងនាឡិកាដៃ Bering កាលពីថ្ងៃទី ៦ ធ្នូ នៅក្នុងផ្សារអ៊ីអនសែនសុខ ក្រុមហ៊ុន Sandara បានរក្សាសន្ទុះនៃការរីកចម្រើន ជាមួយនឹងការចុះហត្ថលេខាក្នុងភាពជាដៃគូទីមួយជាមួយក្រុមហ៊ុន DaraPay ។
Sandaraមានទស្សនៈវិស័យ ចង់អភិវឌ្ឍបទពិសោធន៍របស់អតិថិជននៅគ្រប់ហាងដែលមានស្រាប់និងហាងនាពេលអនាគតរបស់ខ្លួន ដោយសង្កត់ធ្ងន់លើការបម្រើសេវាកម្មអតិថិជនប្រកបដោយគុណភាព។ ការធ្វើឱ្យសេវាកម្មអតិថិជនកាន់តែប្រសើរគឺជាចំណុចដែល Sandara បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីនាំយកនូវស្តង់ដារលំដាប់អន្តរជាតិជូនដល់អតិថិជនកម្ពុជា។
តាមរយៈ DaraPay app អតិថិជន អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ដែលជាមធ្យោបាយក្នុងការកាត់បន្ថយការកាន់សាច់ប្រាក់និងទទួលប្រាក់ដោយផ្ទាល់។
លោក លឹម ចន នាយកគ្រប់គ្រង Brand នៃក្រុមហ៊ុន Sandara បានលើកឡើងថា៖ “ជម្រើសទូទាត់ដោយមិនចាំបាច់កាន់លុយសុទ្ធ គឺជាមធ្យោបាយដ៏អស្ចារ្យ ដើម្បីឱ្យសេវាកម្មអតិថិជនរបស់យើងកាន់តែប្រសើរឡើង។ សម្រាប់យើងការសហការជាមួយ DaraPay នឹងធ្វើឱ្យយើងឈរលើចំណុចខ្លាំងមួយក្នុងទីផ្សារដែលមានតម្លៃសមរម្យ ហើយផ្តល់ជូនជម្រើសច្រើនដល់អតិថិជន។ យើងពិតជារីករាយនឹងសហការជាមួយ DaraPay ហើយយើងក៏សម្លឹងទៅមុខ ដើម្បីភាពជាដៃគូយូរអង្វែងផងដែរ” ។
លោក ភុគ រដ្ឋា នាយកគ្រប់គ្រងទូទៅ DaraPay បានបញ្ជាក់ថា៖ “បច្ចេកវិទ្យាលើទូរស័ព្ទដៃ បានផ្លាស់ប្តូររបៀបរស់នៅរបស់យើង ដូចជា ការធ្វើការ ដំណើរការកម្សាន្ត ដើរទិញទំនិញ គឺសុទ្ធតែមានភ្ជាប់ទំនាក់ទំនងគ្នា។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហរិញ្ញវត្ថុ DaraPay តែងតែខិតខំជានិច្ចក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលអាចបំពេញតម្រូវការផ្លាស់ប្តូររបស់អតិថិជន។ នៅក្នុង២០១៩ យើងនឹងផ្តល់ដំណោះស្រាយកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃតម្រូវការអតិថិជន និងទទួលបានសេវាហិរញ្ញវត្ថុដែលធានាថាក្រុមហ៊ុន DaraPay ឈរនៅចំណុចកំពូលនៃការច្នៃប្រឌិតនិងផ្តល់ជូននូវបទពិសោធន៏ខ្ពស់ដល់អតិថិជន "។
អំពី SANDARA
ជាមួយគោលបំណងដើម្បីបង្កើនតម្លៃនៃស្តង់ដារស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពទាន់សម័យ Sandara បានបង្កើតឱកាសនិងជម្រើសជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ Sandara បានកសាងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយបាន។
Sandara បានចាប់ផ្តើមបង្កើតស្នាដៃនៅលើទីផ្សារអន្តរជាតិរួមមាន Pandora និង Bering Timepieces ។ ក្នុងនោះដែរចាប់តាំងពីបើកដំណើរការកាលពីខែ សីហា ឆ្នាំ ២០១៨នេះ Sandara បានបើកហាង បើកហាងគ្រឿងអលង្ការយីហោលំដាប់ពិភពលោកទាំងពីរខាងលើបាន៥ហាងហើយនៅលើទីផ្សារប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០ នាក់ ហើយក៏មានបំណងចង់ក្លាយជាក្រុមហ៊ុន លក់រាយនិងចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
អំពី DaraPay
DaraPay គឺជា ពាណិជ្ជនាម នៃក្រុមហ៊ុន CANADIA-FULLERTON MOBILE MONEY PLC ដែលបានបង្កើតឡើងនៅក្នុង២០១៦។ DaraPay ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Canadia Investment Holding និងក្រុមហ៊ុន Fullerton Financial Holdings មកពីប្រទេសសឹង្ហបុរី ក្នុងគោលបំណងប្រតិបត្តិការធ្វើជាកាបូបចល័តរបស់អតិថិជននិង អាជីវកម្មលើការទូតទាត់ប្រាក់នៅកម្ពុជា។
DaraPay មានទស្សនៈវិស័យចង់ក្លាយជាជម្រើសរូបិយប័ណ្ណនៃការទូទាត់ និងប្រតិបត្តិការលើសាច់ប្រាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាកម្មរហ័សទាន់ចិត្ត មានសុវត្ថិភាព និង ប្រព័ន្ធអេកូទូទាត់ដ៏ងាយស្រួលដែលបង្កើតនូវគុណតម្លៃ និង ផ្តល់សុវត្ថិភាពផ្លូវចិត្ត៕